ស្ដាយ​ក្រោយ

ដោយ​ ស្រី នរិន្ទ

រឿង​ខ្លះ​ដែល​នឹក​ស្មានមិន​ដល់​….

      ​ឯង​ទៅ​ណា​ទៀត​ហើយ​? អញ​ប្រាប់​ប៉ុន្មាន​ដង​ហើយ​ថា​ឲ្យ​ឯងនៅ​ផ្ទះ​ខំរៀន​អាន​សៀវភៅ​​ប្រលង​ឲ្យ​ជាប់​​ ឯង​មិន​ចេះ​ស្ដាប់​​ទេ​មែន​ទេ​? សម្លេង​គំហក​របស់​ឪពុក​ខ្ញុំ​លាន់​ឮ​ពី​ក្រោយ​ខ្នង​ខ្ញុំ​ស្រប​ពេល​ដែល​ខ្ញុំ​​ដើរ​ចេញ​មក​ក្រៅ​លាន់​ស្ទើរ​តែ​បែក​ក្រដាស​ត្រចៀក តែ​សម្រាប់​ខ្ញុំ​ គឺ​គ្មាន​អ្វី​ចម្លែក​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចាំ​បាច់​​ខ្វាយ​ខ្វល់​អ្វី​ដែរ​​ព្រោះ​ខ្ញុំ​ឮ​សម្លេង​នេះ​រាល់​ថ្ងៃ​ ស្ទើរ​តែ​អាច​និយាយ​បាន​ថា​វា​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ពេល​ដែល​ខ្ញុំ​ចេញ​ពី​ផ្ទះ​ទៅ​ហើយ។

      ខ្ញុំ​​ឡើង​លើ​ម៉ូតូ​របស់រូបភាព​ខ្ញុំ​ហើយ​ជិះ​ចេញ​ទៅ​​ដោយ​មិន​រវល់​ងាក​មើល​ទឹក​មុខ​​​ក្ដៅ​ក្រហាយ​របស់​ឪពុក​ខ្ញុំ​​ឡើយ​ ព្រោះ​​​មិន​ចង់​ធ្វើ​ឲ្យ​ខូច​អារម្មណ៍​ល្អ​ដែល​​កំពុង​តែ​​នៅ​សល់​តែ​បន្តិច​បន្តួច​នេះ​។

      កំពុង​តែ​ជិះ​ម៉ូតូ​ស្រាប់​តែ​​​បាន​ឃើញ​អ្វី​ម្យ៉ាង​ដែល​ខ្ញុំ​​មិន​ចង់​ឃើញ​សូម្បី​តែ​បន្តិច​​ហើយ​បង្ខំ​ឲ្យ​ខ្ញុំ​បញ្ឈប់​ល្បឿន​ម៉ូតូ​​ភ្លាមៗ​។ នារី​​វ័យ​ក្មេង​ម្នាក់​កំពុង​តែ​ដើរ​ជា​មួយ​បុរស​ចំណាស់​​អាយុ​ប្រហែល​ឪពុក​ខ្ញុំ មើល​ទៅ​ទំនង​ជា​អ្នក​មាន​ធំ​ព្រោះ​​ពី​ក្រោយ​ខ្នង​របស់​គេ​មានអង្គរក្ស​ពីរ​នាក់​មុខ​ធ្មឹងៗ​ដើរ​ពី​ក្រោយ​ដូច​មនុស្ស​យន្ត។ ខ្ញុំ​ស្គាល់​ស្រី​នោះ​ច្បាស់​ណាស់ នាង​គឺ​ជា​មិត្ត​ស្រី​របស់​ខ្ញុំ​។ ខ្ញុំ​ខាំ​មាត់​លោត​ចុះ​ពី​លើ​ម៉ូតូ​ហើយ​ស្ទុះ​ទៅ​ស្ទាក់​មុខ​ពួក​គេ​។ នាង​សម្លឹង​មុខ​ខ្ញុំ​​រាង​ដូច​ជា​ភ្ញាក់​បន្តិច​ តែ​ក៏​ប្ដូរ​ទឹក​មុខ​ធ្វើ​ដូច​ជា​មិន​ដឹង​អ្វី​​ ចំណែក​ប្រុស​ចាស់​ម្នាក់​នោះ​ក៏​កំពុង​សម្លឹង​មក​ខ្ញុំ​ក្នុង​ក្រសែ​ភ្នែក​ឆ្ងល់ និង​ មើល​ងាយ​ខ្ញុំ​​ក្នុង​ពេល​តែ​មួយ​។ ខ្ញុំ​មិន​​​ខ្វល់​​ថា​តាចាស់​ម្នាក់​នេះ​កំពុង​តែ​គិត​អ្វី​ពី​ខ្ញុំ​ទេ តែ​ខ្ញុំ​​សម្លឹង​មុខ​មិត្ត​ស្រី​របស់​ខ្ញុំ​យ៉ាង​មុត​ហើយ​និយាយ​ថា​៖ ​អូន​ធ្វើ​ស្អី​នៅទី​នេះ?

      ​ខ្ញុំ​មិន​ស្គាល់​លោក​ឯង​ទេ​!​ នាង​និយាយ​មក​យ៉ាង​ហី​ហាក់​ដូច​ជា​​មិន​ស្គាល់​ខ្ញុំ​ពិត​មែន​។ ខ្ញុំ​ចាប់​ដៃ​នាង​ប្រុង​អូស​ចេញ​ទៅ​តែ​ អា​មនុស្ស​យន្ត​ពី​នាក់​នោះ​ចាប់​ដៃ​ខ្ញុំ​ជាប់​ដែរ ហើយ​សម្លឹង​មុខ​ខ្ញុំ​ហាក់​ចង់​ប្រាប់​ខ្ញុំ​ថា​ បើ​ឯង​មិន​ដើរ​ចេញ​ទេ​ឯង​នឹង​​ស្លាប់មិន​ខាន​ទេ ។ ខ្ញុំ​​មិន​អាច​​ធ្វើ​អ្វី​បាន​ក្រៅ​ពីលែង​ដៃ​ពី​នាង​ហើយ​ដើរ​ចេញ​ឲ្យ​ពួក​គេ​ដើរ​ចេញ​។ ខ្ញុំ​ឡើង​ជិះ​ម៉ូតូ​បើក​លឿន​បំផុត​​ទៅ​ផ្ទះ​វិញ។ អារម្មណ៍​របស់​ខ្ញុំ​ពេល​នេះ​​ក្ដៅ​ជា​ង​ភ្លើង​ទៅ​ទៀត​។​ មិន​នឹក​ស្មាន​ថា​មិត្ត​ស្រី​របស់​ខ្ញុំ​ក៏​ចាក​ចេញ​ពី​ខ្ញុំ​ដែរ​។ ខ្ញុំ​មួល​ហ្គារ​អស់​ទំហឹង​តាម​កម្លាំង​ចិត្ត​

ក្ដៅ។ រំពេជ​នោះ​ស្រាប់​តែ​មាន​ឡាន​មួយ​លូន​ចេញ​ពី​ផ្លូវ​លំ​ដែល​នៅ​ពី​មុខ​ខ្ញុំ​ប្រហែល​ជា​ប្រាំ​ម៉ែត​ប៉ុណ្ណោះ​។ ​ខ្ញុំ​ស្រាប់​តែ​ភ័យ​យ៉ាង​ខ្លាំង​ហើយ​ចាប់​​ហ្វ្រាំង​​មុខ​យ៉ាង​អស់​ទំហឹង ភ្នែក​បិទ​ជិត​។ ផាំង​ ប្រាវ…. ខ្ញុំ​គ្រាន់​តែ​ទទួល​អារម្មណ៍​ថា​ខ្ញុំ​បាន​ខ្ទាត​ចេញ​ពី​ម៉ូតូ​ទៅ​បុក​នឹង​តួ​រថ​យន្ត​ ហើយ​ក៏​ធ្លាក់​មក​លើ​ថ្នល់​​​កៅស៊ូ​វិញ​។ ដំបូង​ខ្ញុំ​ហាក់​ដូច​ជា​ឈឺ​ចាប់​ពេញ​ខ្លួន​ស្ទើរ​តែ​​​កម្រើក​មិន​រួច ខ្សោយ​ទៅ​ៗរូបភាព តែ​បន្ទាប់​មក​ខ្ញុំ​ស្រាប់​តែ​មាន​កម្លាំង​ឡើង​វិញ ភាព​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​អម្បាញ់​មិញ​ក៏​រលាយ​ខ្សុល​ហាក់​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​។

      ខ្ញុំ​ក្រោក​ឡើង​​ឈរ​ពី​មុខ​ឡាន​ ស្រប​ពេល​ដែល​បុរស​ម្ចាស់​ឡាន​​បើក​ទ្វារ​ឡាន​ដើរ​ចេញ​មក​ គេ​សម្លឹង​​មើល​មក​ត្រង់​កន្លែង​ដែល​ខ្ញុំ​ដេក​អម្បាញ់​មិញ​នេះ ​ញើស​ហូរ​ជោគ​ក្បាល​រួម​ជា​មួយ​នឹង​អាការៈ​ដូច​ជា​ញ័រ​តិចៗ​​។ មើល​រួច​ប្រុស​ម្នាក់​នោះ​ក៏​បែរ​មុខ​ចេញ​លើក​ទូរ​ស័ព្ទ​មក​និយាយ​ទាំង​មិន​ទាន់​បាត់​ភ័យ ហើយ​ក៏​ដូច​ជា​មិន​ចាប់​អារម្មណ៍​ដែល​ខ្ញុំ​កំពុង​ឈរ​នៅ​ចំពី​មុខឡាន​នេះ​សោះ​។

      ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ខ្ញុំ​ជា​អ្នក​ខុស​ដែល​បើក​ហួស​ល្បឿន​កំណត់​មក​បុក​ឡាន​គេ​ ហើយ​ថែម​​ទាំង​មិន​ពាក់​មួក​ការពារ​ទៀត នេះ​សំណាង​​ធំណាស់ដែល​អាច​នៅ​មាន​ជីវិត​រស់​ទៀត​នោះ​។ បើ​សិន​ជា​ខ្ញុំ​ទៅ​តវ៉ា​ជាមួយ​គេ​នោះ​ខ្ញុំ​ប្រាកដ​ជា​ស៊យ​មិន​ខាន​ទេ បែប​នេះ​​ទើប​ខ្ញុំ​ សម្រេច​ចិត្តលើក​ម៉ូតូ​ឡើង​ហើយ​បើក​ចេញ​ទៅ​យ៉ាង​លឿន​ដោយ​មិន​ចាំ​បាច់​លា​​តាម​​ទម្លាប់​របស់​ខ្ញុំ​។

      ​មក​ដល់​ផ្ទះ​ម៉ោង​ប្រហែល​ជា​បី​រសៀល​ ខ្ញុំ​ដើរ​​កាត់​មុខ​ឪ​ពុក​របស់​ខ្ញុំ​ដែល​ហាក់​ដូច​ជា​មិន​ខ្វល់​ពី​វត្ត​មាន​របស់​ខ្ញុំ​សូម្បី​តែ​បន្តិច។ ខ្ញុំ​ដាក់​ខ្លួន​អង្គុយ​លើ​សាឡុង​​ក្បែរ​នោះ​យ៉ាងនឿយហត់ ម្យ៉ាង​ក៏​កំពុង​គិត​ពី​សំណាង​មិន​គួរ​ឲ្យ​ជឿ​អម្បាញ់​មិញ​នេះ​។

អ្នក​ណា​ទៅ​ជឿ​នោះ​ថា​បុក​ត្រូវ​ប៉ុណ្ណេះ​ហើយ​នៅ​រស់​ទៀត!

      ក្រឺង​ៗៗៗ សម្លេង​ទូរ​ស័ព្ទ​លើ​តុ​លាន់​ឡើង ម្ដាយ​ខ្ញុំ​ប្រញាប់​ដើរ​មក​លើក​។ មិន​ដឹង​ថា​គាត់​និយាយ​អ្វី​ខ្លះ​ទេ​ ស្រាប់​តែ​ទូរស័ព្ទ​របូត​ចេញ​ពី​ដៃ​ ទឹក​មុខ​ប្រែ​ទៅ​ជា​ស្លេក​ ហើយ​គាត់​ចាប់​ផ្ដើម​យំ​យ៉ាង​រន្ធត់​ចិត្ត។ ឃើញ​ដូច​នេះ​ឪពុក​ខ្ញុំ​ឧ​ទាន​ឡើង​៖ ​មាន​រឿង​អី​ម៉ែ​វា​? ម្ដាយ​ខ្ញុំ​ជូត​ទឹក​ភ្នែក​តប​មកវិញ​យ៉ាង​អួល​អាក់ថា៖ នភា… នភា​ កូន​យើង​… ​ត្រូវ​ឡាន​បុក​​ស្លាប់​ហើយ និយាយ​ចប់​គាត់​​ទ្រហោ​យំ​ម្ដង​ទៀត​​រហូត​ដល់​សន្លប់។ ខ្ញុំ​ភ្ញាក់​ព្រើត ក្រែង​ខ្ញុំ​នៅ​អង្គុយ​នៅ​ទី​នេះ​ទេ​តើ​ ឬ​មួយ​ក៏​មាន​អ្នក​ណា​តេ​មក​លេង​សើច ? អត់​ទេ​! បើ​គេ​

​តេ​មក​លេង​សើច​ ម្ដាយ​ខ្ញុំ​មិន​មែន​ខូច​ចិត្ត​យំ​រហូត​ដល់​សន្លប់​អញ្ចឹង​ទេ​។ ខ្ញុំ​ប្រញាប់​ក្រោក​ពី​លើ​សាឡុង​ដើរ​ទៅ​ចាប់​ដៃ​ឪពុក​ខ្ញុំ​ដែល​កំពុង​​តែ​ព្យាយាម​ដាស់​អ្នក​ម្ដាយ តែ​ខ្ញុំ​បែរ​ជា​ចាប់​មិន​បាន គឺ​ដូច​ជា​ដៃ​របស់​ខ្ញុំ​លូក​ជ្រែក​សាច់​របស់​គាត់ មិន​អាច​ប៉ះ​បាន​។ តើ​ខ្ញុំ​ស្លាប់​ហើយ​មែន​ទេ​? អត់​ទេ​ខ្ញុំ​មិន​ទាន់​ស្លាប់​​ទេ​! ខ្ញុំ​នៅ​ឈរ​ត្រង់​នេះ​ទេ​! ពុក​!​ ម៉ែ​! ខ្ញុំ​នៅ​ទី​នេះ ខ្ញុំ​មិន​ទាន់​ស្លាប់​ទេ​!

      បន្តិច​ក្រោយ​មក​គេ​បា​បញ្ជូន​រាង​កាយឥត​វិញ្ញាណ​មួយ​មកដល់ គឺ​ជា​សាកសព​របស់ខ្ញុំ! បង​ប្អូន​ និង​ មិត្ត​ភក្ដិ​របស់​ខ្ញុំ​មក​ដល់​​ពេញ​ផ្ទះ ម្នាក់​ៗ​​សុទ្ធ​តែ​មា​ន​ទឹក​មុខ​សោក​សៅ។ ខ្ញុំ​​ទន់​ជង្គង់​ អស់​ហើយ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​នៅ​ពេល​​នេះ​គឺ​ឈរ​សម្លឹង​មើល​សាកសព​របស់​ខ្ញុំ​ដែល​កំពុង​ដេក​លើ​គ្រែ​ រូបភាពគ្រប​ដោយ​កំណាត់​ស​មួយ​ផ្ទាំង​។ ប្រាកដ​ណាស់ ថ្ងៃ​នេះ​បើ​​សិន​ជា​ខ្ញុំ​ស្ដាប់​តាម​ឪពុក​ខ្ញុំ នៅ​ផ្ទះ​រៀន​វិញ ខ្ញុំ​ប្រាកដ​ជា​មិន​ទាន់​ស្លាប់​ទេ​។ ពេល​នេះ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ​ពាក្យ​ថា ស្ដាយ​ក្រោយ​

ចប់

//

Advertisements

ម្ចាស់​នៃ​ពេល​វេលា​

ដោយ ស្រីនរិន្ទ

        ក្រឺង​ៗៗ… សម្លេង​នាឡិកា​រោទិ៍​លាន់​រំពង​ពេញ​បន្ទប់​ ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ក្រោក​ឡើង​បិទ​។ ពិត​ជា​គួរ​ឲ្យ​ធុញ​មែន ខ្ញុំ​មិនទាន់​បាន​ដេក​អស់​ងងុយ​ផង​បែរ​ជា​មក​ត្រូវ​ភ្ញាក់​បែប​នេះ។ ចិត្ត​របស់​ខ្ញុំ​ចង់​នៅ​ទម្រេត​លើ​គ្រែ​​បន្ត​ទៀត​ដែរ​​ តែ​ពេល​នេះ​ភ្លឺ​ហើយ គឺ​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ទៅ​រៀន​ផង​។ ហ៊ើយ បើ​សិន​ជា​ខ្ញុំ​អាច​បញ្ឈប់​ពេល​វេលា​បាន​មិនដឹង​ជា​ល្អ​យ៉ាង​ណា​ទេ​។ ណ្ហើយ​ យ៉ាង​ណា​ៗ​ខ្ញុំ​ក៏​មិន​អាច​​នៅ​ទី​នេះ​​បន្ត​ទៀត​បាន​ដែរ​ ដល់​ម៉ោង​ទៅ​រៀន​ទៀត​ហើយ​!

        ម៉ោង​ដប់់​មួយ​ខ្ញុំ​ត្រលប់​មក​ពី​សាលា​វិញ​យ៉ាង​នឿយ​ហត់​ ថ្ងៃ​នេះ​ពុក​ម៉ែ​ខ្ញុំ​មិន​នៅ​ផង​ ប្រកដ​ជា​អត់​បាន​បាយថ្ងៃ​ត្រង់​មិន​ខាន​​ទេ។ ខ្ញុំ​ផ្ដេក​ខ្លួន​លើ​សាឡុង​ឈើ​រួច​បើក​ទូរទស្សន៍​ ចំ​មែន​ ស្អី​ក៏​មើល​មិន​កើត​ដែរ​ ខ្ញុំ​ចុចបិទ​វិញ​ទាំង​តប់​ប្រមល់​។ ខ្ញុំ​ដក​ដង្ហើម​ធំ​បន្តិច​ក៏​សម្រេច​ចិត្ត​ទៅ​យក​សៀវ​ភៅ​អាន​។ សៀវ​ភៅ​នៅ​ទី​នេះ​សុទ្ធ​តែ​មើល​​ចប់​អស់​មិនដឹង​ជា​ប៉ុន្មាន​ដង​ហើយ​ទេ​ តើ​គួរ​អាន​អ្វី​ទៅ​?

        -​ចុះ​ទូ​សៀវ​ភៅ​ចាស់​នោះ​? (ខ្ញុំ​និយាយ​តែ​ម្នាក់​ឯង​)

        គឺ​ទូ​សៀវ​ភៅ​ចាស់​របស់​ជីតា​ខ្ញុំ​ តែឪពុក​ម្ដាយ​របស់​ខ្ញុំ​មិន​ចូល​ចិត្ត​ឲ្យ​ខ្ញុំទៅ​យក​សៀវ​ភៅ​នៅ​ទី​នោះ​អាន​ទេ​ព្រោះ​គាត់​ចង់​ថែ​រក្សា​វា​។ តែ​ពេល​នេះ​គាត់​មិន​នៅ​ផង​ ប្រហែល​ជា​ខ្ញុំ​អាច​​រក​សៀវភៅ​ដែល​ខ្ញុំ​ពេញ​ចិត្ត​មក​កែ​អផ្សុក​បាន​។

        គិតបណ្ដើរ​ខ្ញុំ​ដើរ​បណ្ដើរ​មក​ដល់​មុខ​ទូ​នោះ​ស្រេច នៅ​ទី​នេះ​មាន​សុទ្ធ​តែ​សៀវ​ភៅ​ចាស់ៗ​ បើ​មិន​ប្រយ័ត្ន​ប្រាកដ​ជា​​រហែក​មិន​ខាន​ទេ​។ ខ្ញុំ​បើក​ទំព័រ​ដំបូង​មើល​សាក​មើល​ គឺ​ជា​សៀវ​ភៅ​កំណាព្យ​ សៀវ​ភៅ​ទី​ពីរ​ក៏​កំណាព្យ​ ទី​បី​ក៏​ដូច​គ្នា។ ធ្វើ​ម្ដេចទៅ​បើ​ខ្ញុំ​មិន​ចូល​ចិត្ត​កំណាព្យ​ផង? ខ្ញុំ​លើក​កៅ​អី​មួយ​មក​ដើម្បី​ឈរ​ឡើង​យក​សៀវ​ភៅ​នៅ​ថ្នាក់​ខាង​លើ​។ ទូ​នេះ​ខ្ពស់​ពិត​មែន កៅ​អី​ហើយ​នៅ​តែ​លូក​មិន​ដល់​ទៀត​។ ខ្ញុំ​ខំ​ជំទើត​ជើង​បន្តិច​ហើយ​លូក​ដៃ​រាវ​ រក​ ស្រាប់​តែ​ ប្រាវ កំប៉ុង​ដែក​ចាស់​មួយ​ធ្លាក់​ចុះ​មក​។ ខ្ញុំ​ប្រញាប់​ចុះ​ទៅ​រើស​វា​ទុក​វិញ​ រំពេជ​នោះ​ខ្ញុំ​ក៏​បាន​ឃើញ​វត្ថុ​មួយ​! គឺ​ជា​នាឡិកា​ដៃ​ចាស់​មួយ​គ្រឿង​!វា​មាន​គំរប​បិទ​បើក​ ហើយ​និង​ខ្សែ​​ច្រវាក់​តូច​មួយ​ ដូច​ជា​នាឡិកា​ដៃបុរាណ​ដែល​យើង​ធ្លាប់​ឃើញក្នុង​កុន​អញ្ចឹង​។រូបភាព នៅ​ខាង​លើ​តួរបស់​វា​មាន​គន្លឹះ​មួយ​។ ហាក់​លែង​មាន​អារម្មណ៍​ចង់​អាន​ទៀត​ ខ្ញុំ​ក៏លើក​កំប៉ុង​នោះ​ទុក​វិញ ហើយ​យក​នាឡិកា​នោះ​មក​ខាង​ក្រៅ​​ផ្ទះ​។ ខ្ញុំ​ចុច​លើ​គន្លឹះ​នោះ​ល្បង​មើល​ ក្រែង​ជា​កន្លែង​កែ​ម៉ោង​ តែ​មិន​មែន​ទេ​។ ភ្លាម​​នោះ​មាន​អ្វី​ម្យ៉ាង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​! នៅ​លើ​មេឃ​​សត្វ​ស្លាប​ដែល​កំពុង​ហើរ​ទៅ​មុខ​បែរ​ជា​នៅ​ស្ងៀម​ទ្រឹង​។​ ម៉េច​នឹង​អាច​ទៅ​? ឬ​ក៏​មក​ពី​នាឡិកា​នេះ​?

        ខ្ញុំ​ចុច​គន្លឹះ​ម្ដង​ទៀត​ ហើយងើយ​មើល​ឡើង​លើ​​។ ម្ដង​នេះ​គឺ​ធម្មតា​វិញ សត្វ​ស្លាប​គឺ​ហើរ​​ទៅ​មុខ​បន្ត​។ ខ្ញុំ​បន្ធូ​ដង្ហើម​ ហើយ​ចុច​លើ​គន្លឹះ​នេះជា​លើក​ទី​បី សត្វ​ទាំង​នោះ​ក៏​បញ្ឈប់​ចលនា​

របស់​វា​ដែរ​។ ដោយ​ឆ្ងល់​ ខ្ញុំ​ក៏​ចេញ​មក​ផ្លូវ​ខា​ង​មុខ។ នៅ​ចំពោះ​មុខ​ខ្ញុំ​ពេញ​ដោយ​ហ្វូង​មនុស្ស​ឥត​មាន​ចល​នា ឡាន ម៉ូតូ កង់ សុទ្ធ​តែ​ឈប់​នៅ​ស្ងៀម​។ ឬមួយ​ក៏​នេះ​ជា​នាឡិកា​បញ្ឈប់​ពេល​វេលា? ភ័យ​ផង​អរ​ផង ខ្ញុំ​ចុច​លើ​គន្លឹះ​នោះ​ទៀត ហើយចលនា​ក៏មាន​ជា​បន្ត​ទៀត​។ លើក​នេះ​ខ្ញុំ​យល់​ហើយ! ខ្ញុំ​អាច​បញ្ឈប់​ពេល​វេលា​បាន​! ខ្ញុំ​ញញឹម​បន្តិច​ហើយ​បញ្ឈប់​ពេល​វេលា​ម្ដង​ទៀត​ ហើយ​ដើរ​ឆ្លង​កាត់​ថ្នល់​ចូល​ទៅ​ក្នុង​ផ្សារ​។ ខ្ញុំ​រើស​របស់​ដែល​ខ្ញុំ​ពេញ​ចិត្ត​​​ដែល​ខ្ញុំ​ពេញ​ចិត្ត​ហើយ​ក៏​ដើរ​ទៅ​វិញ។ មក​ដល់​ផ្ទះ​ខ្ញុំ​ចុច​លើ​គន្លឹះ​នាឡិកា​នោះ​ដើម្បី​ឲ្យ​ពេល​វេលា​ដើរ​បន្ត តែ​វា​បែរ​ជា​មិន​ដំណើរ​ការ​! មិន​ថា​ខ្ញុំ​ចុច​យ៉ាង​ណា​ក៏​គ្មាន​​អ្វី​កើត​ឡើង​ដែរ​។ ខ្ញុំ​សួរ​ខ្លួន​ឯង​៖

        -​ឬ​មួយ​ក៏​មក​ពី​របស់​ទាំង​នេះ​?

        ខ្ញុំ​ចង់​និយាយ​ពី​របស់​ដែល​ខ្ញុំ​យក​មក​ដោយ​មិន​ឲ្យ​លុយ​អម្បាញ់​មិញ​។ គិត​រួច​ខ្ញុំ​ក៏​ប្រមូល​ឥវ៉ាន់​យក​ទៅ​ទុក​កន្លែង​ដើម​វិញ​ហើយ​ចុច​គន្លឹះ​ទាំង​ញ័រ​ដៃ​។ គ្មាន​អ្វី​កើត​ឡើង​! ខ្ញុំ​រត់​ចេញ​មក​ខាង​ក្រៅ​ហើយ​ចុច​ម្ដង​ទៀត។ ស្ងាត់​ឈឹង អ្វី​ៗ​នៅ​ស្ងៀម​ដដែល​។

        ខ្ញុំ​មិន​​អាច​រស់​នៅ​លើពិ​ភព​លោក​នេះ​តែ​ឯង​បាន​នោះ​ទេ។ ដោយ​កំហឹង​ខ្ញុំ​ក៏​បោក​នាឡិកា​​ដែល​នៅ​នឹង​ដៃ​ខ្ញុំ​នោះ​ទៅ​លើ​ដី​ហើយ​ជាន់​ទាល់​តែ​វា​បែក​ចេញ​គ្រឿង​ក្នុង​។ រំពេជ​នោះ​ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ថា​មាន​មនុស្ស​ដើរ​ ខ្ញុំ​ងើប​មុខ​ឡើង​ដោយ​ញញឹម​បន្តិច​។ តែ​នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ ខ្ញុំ​ក៏​ប្រែ​ជា​ខក​ចិត្ត​ទៅ​វិញ​ ព្រោះ​ថា​ ទាំង​មនុស្ស​ និង យាន​យន្ត​ សុទ្ធ​តែ​​ធ្វើ​ចលនា​ថយ​ក្រោយ​! នៅ​សល់​តែ​ខ្ញុំ​ប៉ុណ្ណោះ​ដែល​នៅ​ស្ងៀម​។ កំពុង​តែ​ឆ្ងល់ ស្រាប់​តែ​​ខ្ញុំ​ឮ​សូរ​សម្លេង​មួយ​យ៉ាង​ខ្លាំង​នៅ​ខាង​ក្រោយ​ខ្ញុំ​។ ខ្ញុំ​បែ​ទៅ​ក្រោយ​ដើម្បី​មើល​​ថា​មាន​រឿង​អ្វី​កើត​ឡើង​។

        នៅ​ក្រោយ​ខ្នង​ខ្ញុំ​គឺ​ជា​នាឡិកា​ធំមួយ គឺ​ធំ​ជាង​ផ្ទះ​ខ្ញុំ​ទៅ​ទៀត​។ ខ្ញុំ​ដើរ​ថយ​ក្រោយ​បន្តិច​​ ចំណែក​កញ្ចក់​នាឡិកា​​នោះ​ក៏​ប្រែ​ជា​ប្រហោង​ខ្មៅ​មួយ​​ហើយ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​​​ប្រហោង​នោះ​ហាក់​ដូច​ជា​កំពុង​ស្រូប រហូត​ដល់​ខ្ញុំ​រអិល​ទៅ​ដល់​ក្បែរ​​ប្រហោង​នោះ  ទើប​ខ្ញុំ​ដឹង​ខ្លួន​ហើយ​ប្រញាប់​បែរ​ខ្លួន​រត់​។ ហួស​ពេល​ទៅ​ហើយ​! ខ្ញុំ​ត្រូវ​ស្រូប​ទាញ​​ធ្លាក់​ចូល​ក្នុង​ប្រហោង​នោះ​ ជា​អន្លង់​មួយ​ដ៏​ងងឹត​មើល​អ្វី​​មិន​ឃើញ​។ ខ្ញុំ​បិទ​ភ្នែក​ស្រែក​ដោយ​តក់​ស្លុត​៖

        -​អត់​ទេ​……..

        មិន​យូរ​ប៉ុន្មាន​ខ្ញុំ​ក៏​​មាន​អារម្មណ៍​ថា​ខ្ញុំ​មក​ដល់​លើក​ន្លែង​មួយ តែ​ខ្ញុំ​មិន​ច្បាស់​ថា​ជា​កន្លែង​អ្វី​ទេ​ព្រោះ​ខ្ញុំ​មិន​ទាន់​បើក​ភ្នែក​ គ្រាន់​តែ​ខ្ញុំ​ដឹង​ថា​មាន​សម្លេង​នាឡិកា​រោទិ៍​លាន់​រំពង​។

        ខ្ញុំ​សម្រេច​ចិត្ត​បើក​ភ្នែក​ឡើង​ដើម្បី​មើល​ថា​​ខ្ញុំ​នៅ​កន្លែង​ណា​។ ភ្ញាក់​ព្រើត​ តាម​ពិត​​ខ្ញុំ​នៅ​លើ​គ្រែ​របស់​ខ្ញុំ​សោះ​! ខ្ញុំ​លូក​ដៃ​បិទ​នាឡិកា​ឲ្យ​​ឈប់​រោទិ៍​ហើយ​អង្គុយ​គិត​ដល់​រឿង​អម្បាញ់​មិញ​។ តើ​វា​ជា​ការ​យល់​សប្ដិ​ឬ​? តែ​យ៉ាង​ណា​​ក៏​ដោយ​ពេល​នេះ​ខ្ញុំ​លែង​ចង់​បញ្ឈប់​ពេល​វេលា

​ទៀត​ហើយ​​ ខ្ញុំ​គ្រាន់​តែ​ចង់​រស់​ក្នុង​ជី​វភាព​បែប​នេះ​ឲ្យ​បាន​សុខ​ប៉ុណ្ណោះ​៕

ចប់

 

//

ប្រភព​នៃ​កំណាព្យ​ខ្មែរ

មតិ​ភាគ​ច្រើន​បាន​សន្និដ្ឋាន​ថា​ កំណាព្យ​ខ្មែរ​មាន​ប្រភព​មក​ពី​មូលដ្ឋាន​ឆន្ទៈ​សំស្ក្រឹត​ និង បាលី​។​​  ការ​អះអាង​បែប​នេះ​ក៏​ជា​ការ​សមរម្យ​ម្យ៉ាង​ដែរ ព្រោះ​តាំង​ពី​ដើម​រហូត​មក​ដល់​ពាក់​កណ្ដាល​ខាង​ដើម​នៃ​សម័យ​អង្គរ​ យើង​ពុំ​ទាន់​បាន​រក​ឃើញ​ឯកសារ​កាព្យ​ណា​មួយ​សរសេរ​ជា​ភាសា​ខ្មែរ​ទេ​។​​ តាម​រយៈ​សិលាចារឹក​យើង​បាន​ជួប​ប្រទះ​អត្ថ​បទ​កាព្យ​ជាច្រើន​ ប្រកប​ដោយ​ពាក្យពេជន៍ និង សំនួន​វោហារ​ល្អ​ឥត​ខ្ចោះ​ដែល​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​ទទួល​ស្គាល់​ថា​ ជា​ស្នា​ដៃ​ឯក​របស់​កវី​ខ្មែរ​ពិតៗ​ តែ​អត្ថ​បទ​ទាំង​នោះ​សរសេរ​ជា​ភាសា​សំស្ក្រឹត​។​ តាម​រយៈ​សិលាចារឹក​ យើង​ឃើញ​គេ​ចារ​ជា​ភាសា​ខ្មែរ​យើង​តាំង​ពី គ.ស.​ ៦១១ មក​ម្លេះ​ តែ​ជា​អត្ថបទ​ពាក្យ​រាយ​។​ អត្ថបទ​​ពាក្យ​រាយ​នេះ​សរសេរ​នៅ​ពី​ក្រោម​​អត្ថ​បទ​ជា​ភាសា​សំស្ក្រឹត​ តែ​គ្រាន់​តែ​ជា​បញ្ជី​ឈ្មោះ​ទាសា​ទាសី​ ឬ​ ដែល​ជា​ពល​ព្រះ​ និង តង្វាយ​ផ្សេងៗ​។ អត្ថ​បទ​កាព្យ​សរសេរ​ជា​ភាសា​ខ្មែរ​ដែល​យើង​បាន​ជួប​ប្រទះ​ដំបូង​ គឺ​សិលា​ចារឹក​ ជ័យ​នន្ទ នៅ​គ.ស. ១៧០១​។​

       កំណាព្យ​មាន​កំណើត​ក្នុង​ តំន​រយៈ​កាល​ការងារ​ផលិត​នៃ​មនុស្សជាតិ

  ប្រវត្តិសាស្ត្រ​​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ខ្មែរ​ជា​ជន​ជាតិ​ម្ចាស់​ស្រុក​​មាន​កំណើត​ជា​យូរ​លង់​ណាស់​មក​ហើយ​ មុន​កៅណ្ឌិន្យ​នាំ​អរិយធម៌​ឥណ្ឌា​មក​ផ្សព្វផ្សាយ​។​ ដូចនេះ​ខ្មែរ​ពិត​ជា​មាន​ភាសា​ មាន​ចម្រៀង មាន​កំណាព្យ​ មាន​របាំ​តាំង​ពី​មុន​ឥណ្ឌា​ចូល​មក​ម្លេះ​។ ប្រសិន​បើ​គ្មាន​វិញ​ តើ​ក្នុង​ទំនាក់​ទំនង​ ឬ​ ការ​សម្ដែងមនោសញ្ចេតនា​ផ្សេងៗ​ ជន​ជាតិ​ទាំង​នោះ​យក​ភាសា​អ្វី​ទៅ​ប្រើ​?

  ភស្ដុតាង​ឥត​ប្រកែក​បាន​មួយ​ទៀត​គឺ​​កុល​សម្ព័ន្ធ​ជន​ជាតិ​ភាគ​តិច​ខ្លះ​ៗ​ ដូច​ជា​ ព្នង គួយ រដែ​…​ដែល​ពុំ​ព្រម​ទទួល​អរិយ​ធម៌​ឥណ្ឌា​ រហូត​មក​ដល់​សព្វ​ថ្ងៃ​​គេ​រក្សា​បាន​នូវ​ របាំ​ចម្រៀង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​។

  តាម​រយៈសិលា​ចារឹក​យើង​ប្រទះ​ឃើញ​ គេ​ប្រើ​ពាក្យ​ខ្លះ​ៗ​ជា​ភាសា​ខ្មែរ​បុរាណ​ដូច​ជា​ពាក្យ​ ចំរេង រមំ រំ តើ​ក្នុង​ពេល​នោះ​គេ​ច្រៀង​ជា​ភាសា​អ្វី​? បើអ្នក​ចម្រៀង​ក្នុង​វាំង​ច្រៀង​ជា​ភាសា​សំស្ក្រឹត​ តើប្រជា​ជន​ច្រៀង​ជា​ភាសា​សំស្ក្រឹត​ដែរ​ឬទេ? អំនះ​អំនាង​ទាំង​នេះ​អាច​ឲ្យ​យើង​សន្និដ្ឋាន​បាន​ថា​ កំណាព្យ​ខ្មែរ​ពិត​ជា​មាន​ប្រភព​យូរ​លង់​ណាស់​មក​ហើយ​ តាំង​ពី​មុន​ឥណ្ឌា​ចូល​មក​ម្លេះ​ ឆន្ទៈ​សំស្ក្រឹត​គ្រាន់​តែ​ជា​​កត្តា​សំរាប់​ពិគ្រោះ​ក្នុង​ការ​រៀប​ចំ​កែ​លម្អ​ក្បួន​កំណាព្យ​ខ្មែរ​ឲ្យ​បាន​ត្រឹម​ត្រូវ​តែ​ប៉ុណ្ណោះ​​។ ហើយ​កំណាព្យ​ខ្មែរ​យើង​ក៏​មាន​លក្ខណៈ​ប្លែក​ស្រលះ​ពី​កំណាព្យ​សំស្ក្រឹត​ផង​ដែរ​៕

ឧកញ៉ា​ សុតន្ត​ប្រីជា ឥន្ទ (​១៨៥៩​-១៩២៤)

រូបភាព

ជីវ​ប្រវត្តិ​ ៖

  • កវី​ ឥន្ទ កើត​នៅ​ឆ្នាំ ១៨៥៩ នៅ​រការកោង ស្រុក​មុខ​កំពូល ខេត្តកណ្ដាល​។
  • មាតា​នាម មុំ​ បិតា​នាម​ បញ្ចង់កែ​ ជា​កសិករ និង អាចារ្យ​វត្ត​។
  • អាយុ ១០ ឆ្នាំ​ទៅ​នៅ​វត្ត ហើយ​បួស​ជា​សាមណេរ​បាន​រៀន​ប្រែ​គម្ពី​បាលី​។
  • អាយុ​ ២០ ឆ្នាំ​ ចេញ​ទៅ​បន្ត​វិជ្ជា​នៅ​ប្រទេស​សៀម​អស់​៧​ឆ្នាំ​​។
  • អាយុ​ ៣៧ ឆ្នាំ​ បាន​លា​ចាក​ផ្នួស​មាន​គ្រួសារ​នៅ​បាត់​ដំបង​។
  • អាយុ ៥៥ ឆ្នាំ បាន​ចូល​មក​ធ្វើ​ការ​នៅ​​ពុទ្ធសាសន​បណ្ឌិត្យ​ខាង​តែង​វចនានុក្រម និង ផ្ទៀង​ផ្ទាត់ គម្ពីរដីកា​។
  • អាយុ​ ៦៥ ឆ្នាំ បានលា​រាជការ​ឈប់​ត្រឡប់​ទៅ​បាត់​ដំបង​វិញ​ហើយទទួល​អនិច្ចកម្ម​នៅ គ.ស. ១៩២៤​។

ស្នា​ដៃ ៖

  • គតិ​លោក (​បោះ​ពុម្ព​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​)
  • និរាស​នគរ​វត្ត​ . ពាក្យ​កាព្យ (​បោះ​ពុម្ព​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​)
  • រឿង​អំបែងបែក (ជា​សាស្ត្រា​ស្លឹក​រឹត​)
  • បឋម​សម្ពោធិ (​ជា​ក្រាំង​)
  • លោក​នីតិ​បករណ៍ (ពាក្យ​កាព្យ​)
  • សុភាសិត​ច្បាប់​ស្រី (បោះ​ផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​)
  • ក្បួន មេកាព្យ

និង ស្នា​ដៃ​ដទៃ​ជា​ច្រើន​ទៀត​ បូក​រួម​មាន​ ៤៤ មុខ ។

អត្ថបទ​ដក​ស្រង់ ៖

… គយ​គន់​ឋាន​ស្ពាន​ថ្ម​ត​ប្រដិត                                          មាន​ក្ដារ​ថ្ម​ដាស​ដិត​ប្រកិត​គោក

ទោះ​ដំរី​ថ្ម​បរ​ជាន់​ក៏​គ្មាន​យោគ                                            ឥឡូវ​ជ្រោក​ស្រុត​ខ្លះ​តែ​ដើរ​បាន​។

បង្កាន់​ដៃ​ឆ្នៃ​រូប​វាសុក្រី                                                    ដប់​សិរសី​ដូច​ស្និត​ជិត​ជុំ​ប្រាណ

បើក​ពពារ​ឡើង​ពព្លាក់​ហាក់​ហាវ​ហាន                                   សម្ដែង​ប្រាណ​ប្រួញ​រួម​ជា​មួយ​គ្នា។…

                                                                                        (​និរាស​នគរ​វត្ត​)

ព្រះ​បទុម​ត្ថេរ​ សោម ( ១៨៥២ ដល់ ១៩៣២​)

រូបភាព

ជីវប្រវត្តិ

  •      កវី សោម កើត​ពី​ឆ្នាំ ១៨៥២ នៅ​ឃុំ​កំព្រៅ​ ស្រុក​ស៊ី​ធរ​កណ្ដាល​ ខេត្ត​ព្រៃវែង ។
  • បិតា​នាម​ ងួន មាតា​នាម​ យិន​ ជា​កសិករ ។
  • អាយុ​១៥​ឆ្នាំ​បាន​រៀន​អក្សរ​លេខ​នព្វន្ត​នៅ​ក្នុង​ស្រុក​កំណើត​​ ហើយ​បាន​បួស​ជា​សាមណេរ​​ពីរ​វស្សា​ ក៏​សឹក​មក​ជួយ​ធ្វើ​ការ​រក​ស៊ី​ឪពុក​ម្ដាយ​វិញ ។
  • អាយុ​២១​​បាន​ឧប្បសម្បទា​ជា​ភិក្ខុ​ ក្នុង​សំណាក់​ឧបជ្ឈាយ៍​នាម រស់ មាន​នាម​បញ្ញត្តិ​ថា​ បទុមត្ថេរ និង បាន​បន្ត​ការ​សិក្សារ​​នៅ​ក្រុង​ភ្នំពេញ​អស់​ច្រើន​ឆ្នាំ​ ហើយ​វិល​ទៅ​ធ្វើ​ជា​ចៅ​អធិការ​ នៅ​វត្ត​កំព្រៅ​វិញ ។
  • មាន​និស្ស័យ​ស្លូតបូត​ចូល​ចិត្ត​អាន​សាស្ត្រា​គម្ពីរ​ស្ដាប់​ចម្រៀង​ចាប៉ី​រហូត​ដល់​ចេះ​តែង​កាព្យ​ដ៏​ប៉ិន​ប្រសប់​ ។
  • លោក​សុគត​​នៅ​ គ.ស. ១៩៣២ ក្នុង​កំណត់​ជន្មាយុ​ ៨០​ ឆ្នាំ ។

ស្នាដៃ

  • រឿង​ទុំ​ទាវ (​សរសេរ​ពី​ ព.ស. ២៤៥៨ គ.ស. ១៩១៦​)
  • រឿង​សព្វ​សិទ្ធិ​ (​មិន​មែន​សព្វ​សិទ្ធ​របស់​ម៉ឺន​ភក្ដី​អក្សរ​តន់​ទេ​)

អត្ថបទ​ដក​ស្រង់​

…​កាល​នោះ​នាង​នោ​ជា​ភិលាង​                        នាង​ទាវ​បាន​ឆៀង​ចរ​យាត្រា​
​កាន់​ក្អម​ថ្និត​ថ្នម​នឹក​ប្រាថ្នា                               ចូល​ទៅ​ស្ដាប់​ការ​ណ៍​ដឹង​សេចក្ដី ។
ឈរ​ទ្រឹង​រឹង​ខ្លួន​ពួន​ចាំ​ស្ដាប់​                            ពិរោះ​ហាក់​ផ្កាប់​មុខ​ដល់​ដី​
ស្រងាក​ស្រងោច​ស្រងល់​ស្រី                          នោ​នឹក​បេតី​មិន​ស្ដី​សោះ ។…..

អ្នក​និពន្ធ​ខ្មែរ​សម័យ​អង្គរ

បណ្ឌិត សិវ​ សោម (សិលា​ចារឹក​ប្រាសាទ​កណ្ដោល​ដើម​) សម័យ​រាជ្យ​ស្ដេច​ ឥន្ទ្រ​វរ្ម័ន​រវាង​ គ.ស​            ៨៧៧​ ដល់​​ ​៨៨៩​ ។

បណ្ឌិត យតិអមរភាវៈ (សិលា​ចារឹក​ភ្នំ​បាយង្ក​)​ សម័យ​រាជ្យ​ស្តេច​យសោ​វរ្ម័ន​ រវាង​ គ.ស ៨៩៩ ដល់​            ៩០៨​ ។

បណ្ឌិត ទិវាករ (សិលា​ចារឹក​ប្រាសាទ​កំពឹស​) សម័យ​រាជ្យ​ស្តេច​ រាជេន្ទ្រ​វរ្ម័ន រវាង គ.ស ៩៤៤ ដល់            ៩៦៨​ ។

បណ្ឌិត កវិន្ទ្រ (សិលា​ចារឹក​ប្រាសាទ​ខ្នារ​)​ សម័យ​រាជ្យ​ស្ដេច​ សូរ្យវរ្ម័ន រវាង គ.ស ១០០២ ដល់                    ១០៤៩​ ។

បណ្ឌិត ភូបន្ទ្រ (សិលាចារឹក​ប្រាសាទ​ខ្នារ​)​ សម័យ​រាជ្យ​ស្ដេច ជ័យវរ្ម័នទី៧ រវាង គ.ស ១០៩០ ដល់​             ១១០៩​ ។

ព្រះនាង​ ឥន្ទ្រ​ទេវី (​សិលា​ចារឹក​វិមាន​អាកាស​) មហេសី​ស្ដេច ជ័យ​វរ្ម័នទី៧ រវាង គ.ស ១០៩០ ដល់​               ១១០៩​ ។

ឱកាស

មាន​ឱកាស​ហើយ​មិន​ព្រម​អនុវត្ត​ មិន​ព្រម​ចាប់​យក​ឱកាស​ក៏​មិន​ខុស

អ្វីពី​គ្មានឱកាស​នោះទេ…។

ម្យ៉ាងទៀត​ថ្វីត្បិត​តែ​ឱកាស​មាន​នៅគ្រប់​ទី​កន្លែង​ តែ​វា​ពុំ​ងាយ​នឹង​មាន

ឱកាស​ដដែល​ៗ​ដូច​មុន​នោះទេ។

មនុស្ស​យើង​មិន​ត្រឹម​តែ​មិន​ត្រឹម​តែ​មាន​សេចក្ដី​ក្លាហាន​ស្រវា​យក​

ឱកាស​ប៉ុណ្ណោះទេ​តែ​យើង​ក៏​ត្រូវចេះ​ស្វះ​ស្វែង​រក​ឱកាស​ឲ្យបាន

ច្រើន​ផងដែរ ទើប​យើង​កាន់​តែ​សម្បូរ​ឱកាស​ ជួយ​ឲ្យ​ឆាប់​បាន​ដល់

គោលដៅ៕